29 MIN READ

ជនជាតិវៀតណាមរបស់ប្រទេសកម្ពុជា

Long-form

6 June 2019

Vietnamese   English   Spanish   French   German   Dutch

Listen to this story (English).

ជីវិតនៅក្នុងប្រទេសកម្ពុជាសម្រាប់សហគមន៍ខ្មែរវៀតណាម គឺតែងមានការលំបាក ការបៀតបៀន ឬអាចរហូតដល់សូម្បីតែអំពើប្រល័យពូជសាសន៍។ ជនជាតិវៀតណាមដែលហៅកម្ពុជាថាជាផ្ទះរបស់ខ្លួនមិនចង់ចាកចេញនោះទេ ទោះបីជាពួកគេអាចចាកចេញក៏ដោយ ទោះពួកគេត្រូវបានគេចោទប្រកាន់ជាយូរមកហើយថាជារនុកអោយប្រទេសជិតខាងវៀតណាម – ក្រុមភ្នាក់ងារបង្ហិនបង្ហោច ដែលព្យាយាមធ្វើឱ្យអន្តរាយដល់សាមគ្គីភាពរបស់ជាតិ។

មន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានមកដល់ភូមិប៉ាក់ណាមក្នុងឆ្នាំ២០១៦។ សហគមន៍កសិកម្ម ដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់កោងនៃព្រំដែនកម្ពុជាវៀតណាមនៅក្នុងខេត្តកណ្តាលរបស់កម្ពុជា នៅតាមតំបន់លិចទឹកនៃទន្លេមេគង្គ គឺដូចទៅនឹងកន្លែងជាច្រើនទៀតដែលនៅផ្នែកខាងនេះនៃព្រំដែន។ ផ្ទះជន្ទល់សាមញ្ញធ្វើពីឈើស្ថិតនៅសងខាងផ្លូវធំ ហើយក៏មានចំការដំណាំពោត ដំណាំម្ទេស និងវាលស្រែលាតសន្ធឹងនៅពីក្រោយផ្ទះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ទើរតែទាំងស្រុងនៃភូមិប៉ាក់ណាមដែលបច្ចុប្បន្ននៅកម្ពុជា ជាស្រុកកំណើតរបស់កូនចៅជំនាន់ក្រោយនៃជនអន្តោប្រវេសន៍វៀតណាម។ មានច្រើននាក់ដែលបាននៅរស់រានមានជីវិតក្រោយពីរបបប្រល័យពូជសាសន៍ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៥ និង ឆ្នាំ១៩៧៩។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានថ្កល់ទោសទៅលើ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ដែលនៅរស់រានមានជីវិត គឺលោក ខៀវ សំផន និងលោក នួន ជា (រង់ចាំការផ្តន់ទារទោស) ក្នុងបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរនៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ នៅក្នុងសាលក្រមនាខែមីនា

នៅចុងបញ្ចប់ ជិត៤០ឆ្នាំបន្ទាប់ពីការបណ្តេញចេញ និងការសម្លាប់ជនជាតិវៀតណាម និងក្រុមជនជាតិភាគតិចផ្សេងទៀត សកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថាជាអំពើប្រល័យពូជសាសន៍។ ការសម្រេចរបស់តុលាការនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ដោះស្រាយរឿងកាលពីអតីតកាល ប៉ុន្តែប្រជាជនវៀតណាមនៅតែប្រឈមមុខនឹងការលំបាក និងការរើសអើងនៅប្រទេសកម្ពុជាក្នុងសម័យទំនើប ទោះបីពួកគេភាគច្រើនមានកំណើតនៅក្នុងប្រទេសក៏ដោយ។

អាជ្ញាធរកម្ពុជាដែលបានមកកាន់ភូមិប៉ាក់ណាមក្នុងឆ្នាំ២០១៦ បានប្រមូលយកនូវរាល់ឯកសារផ្លូវការ និងឯកសារបញ្ជាក់ ឬបង្ហាញពីសញ្ជាតិកម្ពុជាដែលកាន់កាប់ដោយក្រុមគ្រួសារខ្មែរវៀតណាម៖ ប័ណ្ណបោះឆ្នោត “សៀវភៅគ្រួសារ” ផ្លូវការដែលប្រជាជនកម្ពុជាប្រើសម្រាប់កត់ត្រាកំណើត មរណភាព និងអាពាហ៍ពិពាហ៍ ហើយសម្រាប់អ្នកដែលមានសំណាងមួយចំនួន សំបុត្រកំណើតរបស់ពួកគេ ផ្តល់សិទ្ធឱ្យពួកគេដើម្បីទទួលបានសេវាកម្ម និងសញ្ជាតិនៅប្រទេសកម្ពុជា។ ទង្វើទាំងនេះត្រូវបាន ធ្វើឡើងម្តងហើយម្តងទៀតនៅទូទាំងប្រទេសកម្ពុជាជាញឹកញាប់

លោកថូ ដែលជាអ្នកភូមិប៉ាក់ណាមបានលើកឡើងថា៖ “យើងបានគេដកហូតឯកសារផ្លូវការកម្ពុជាទាំងអស់នៅឆ្នាំ២០១៦ រួមមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណរបស់ឪពុកម្ដាយខ្ញុំ និងកាតចុះឈ្មោះបោះឆ្នោតរបស់ពួកយើង។ យើងមានអារម្មណ៍ខកចិត្ត ប៉ុន្តែមិនមានអ្វីដែលយើងអាចធ្វើបានឡើយ។ យើងមានអារម្មណ៍ថាគេមិនស្វាគមន៍យើងនៅកម្ពុជា ហើយនេះជារឿងគួរឱ្យភ្ញាក់ផ្អើល។” ដើម្បីការពារនូវអត្តសញ្ញាណសម្រាប់ហេតុផលសុវត្ថិភាព មានតែនាមរបស់អ្នកភូមិប៉ាក់ណាមប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។

អ្នកភូមិប៉ាក់ណាមប្រមូលផលដំណាំម្ទេស។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

ស្ត្រីម្នាក់ពាក់មួកបែបវៀតណាមឈប់សម្រាកពីការប្រមូលផលដំណាំម្ទេសនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

ប្រទេសកម្ពុជាបានផ្លាស់ប្តូរច្បាប់ក្នុងការទទួលសញ្ជាតិពី​កំណើតនៅក្នុងឆ្នាំ១៩៩៦ មកបញ្ចូលត្រឹមតែកុមារដែលមានឪពុកម្តាយជាជនជាតិបរទេសស្នាក់នៅស្របច្បាប់នៅក្នុងប្រទេស។ ការផ្លាស់ប្តូរនេះអនុវត្តចំពោះទារកកើតក្រោយពីការដាក់អោយអនុវត្តច្បាប់ស្តីពីសញ្ជាតិនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦។

លោកថូ ដែលមានកំនើតនៅក្នុងភូមិ និងមានឪពុកម្តាយជនជាតិវៀតណាមនៅឆ្នាំ១៩៨៤ បានពន្យល់ពីដំណើរការចុះបញ្ជីថ្មី ដែលស្ទើរតែគ្រប់គ្រួសារខ្មែរវៀតណាមនៅក្នុងតំបន់នេះបានឆ្លងកាត់៖ “មន្រ្តីស្ថានទូតវៀតណាមចុះមកជាមួយក្រសួងមហាផ្ទៃរៀងរាល់ពីរឆ្នាំម្តងដើម្បីធ្វើលិខិតស្នាម។ យើងចុះហត្ថលេខា និងដាក់ឈ្មោះរបស់យើង ហើយក៏ទទួលបានអត្តសញ្ញាណប័ណ្ណ [ខ្មែរ] ដោយមិនចាំបាច់ ចំណាយប្រាក់»។

ក្នុងពេលគាត់កំពុងបង្ហាញប័ណ្ណស្នាក់នៅថ្មីរបស់គាត់ គាត់បានប្រាប់ថាតម្លៃសេវាដែលអនុញ្ញាតអោយគាត់ធ្វើដំណើរក្នុងប្រទេសកម្ពុជាគឺ ២៥០ ០០០រៀល ឬស្មើនឹង ៦០ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ដែលមានអាយុ១៨ឆ្នាំឡើង។​​ គណនីរបស់គាត់ត្រូវបានជួយដោយអ្នកភូមិក្នុងតំបន់ប៉ាក់ណាមជាច្រើន និងប្រជាជនខ្មែរវៀតណាមរស់នៅកន្លែងដទៃទៀតក្នុងខេត្តកណ្តាល។

គាត់បានបន្ថែមថា៖ “ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាបង់ថ្លៃពន្ធសម្រាប់គ្រប់គ្នា។ បើគ្មានជំនួយទេ នោះវានឹងពិបាកក្នុងការរស់នៅ ជាពិសេសសម្រាប់អ្នកដែលមានគ្រួសារធំ។”

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថាអាជ្ញាធរវៀតណាមគាំទ្រក្រសួងក្នុងដំណើរការចុះបញ្ជីដើម្បីផ្លាស់ស្ថានភាពអន្តោប្រវេសន៍ផ្លូវច្បាប់ជាផ្លូវការ។

គាត់បាននិយាយទៅកាន់ Global Ground Media ថា៖ “អាជ្ញាធរវៀតណាមធ្លាប់គិតថាជនជាតិវៀតណាមនៅកម្ពុជាគួរតែមានសញ្ជាតិខ្មែរ ប៉ុន្តែឥឡូវនេះពួកគេកំពុងគាំទ្រយើងក្នុងការធ្វើដំណើរការចុះបញ្ជីនេះ។ យើងរីករាយនឹងធ្វើការជាមួយពួកគេ។”

ទោះជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានបដិសេធចំពោះគោលការណ៍ដែលលើកឡើងថា ស្ថានទូតវៀតណាមជាអ្នកបង់ថ្លៃចុះបញ្ជីនេះ។

លោកបានថ្លែងថា៖ “យើងមិនដឹងពីរឿងនេះទេ”។

លោកបានបន្តពន្យល់ថា៖ ប្រព័ន្ធនៃការរឹបអូសឯកសារដែលមានស្រាប់ គឺដោយសារតែមានការរីករាល ដាលនៃការក្លែងបន្លំលិខិតស្នាម ដែលបានអនុញ្ញាតឱ្យពលរដ្ឋគ្មានសញ្ជាតិទទួលបានសេវា ដែលផ្តល់ជូនសម្រាប់តែពលរដ្ឋមានសញ្ជាតិតែប៉ុណ្ណោះ។

គាត់បាននិយាយថា៖ “មានវិញ្ញាបនបត្រ និងអត្តសញ្ញាណប័ណ្ណមិនប្រក្រតីជាច្រើន ហេតុដូច្នេះយើងបានចុះបញ្ជីឱ្យពួកគេដើម្បីគោរពតាមច្បាប់របស់កម្ពុជា។ យើងបានស្នើឱ្យពួកគេផ្លាស់ប្តូរប័ណ្ណក្លែងក្លាយរបស់ពួកគេជាមួយនឹងប័ណ្ណផ្លូវការ។”

“អត្តសញ្ញាណប័ណ្ណទាំងនេះទទួលស្គាល់ថាពួកគេជាជនអន្តោប្រវេសន៍ស្របច្បាប់នៅកម្ពុជា ដែលជាកន្លែងដែលពួកគេត្រូវគោរពច្បាប់ ហើយអ្នកដែលគ្មានប័ណ្ណគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។”

ទាំងស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ ឬក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបនឹង សំណើសុំធ្វើអត្ថាធិប្បាយឡើយ។

ប័ណ្ណស្នាក់នៅដែលអនុញ្ញាតឱ្យគ្រួសារទាំងនោះរស់នៅ និងធ្វើដំណើរក្នុងប្រទេសកម្ពុជាជាផ្លូវការ មិនបានបញ្ជាក់ប្រាប់សញ្ជាតិដូចដែលមានលើសំបុត្រកំណើតមុនពេលត្រូវបានដកហូតចេញនោះឡើយ ដែលធ្វើឱ្យប្រជាជនខ្មែរវៀតណាមទាំងនោះក្លាយជាពលរដ្ឋគ្មានសញ្ជាតិ។ ពួកគេមិនមែនជាពលរដ្ឋខ្មែរ ហើយក៏មិនមានជាពលរដ្ឋវៀតណាមស្របច្បាប់ដែរ ហើយគេគ្មានលិខិតឆ្លងដែនឡើយ។

ខណៈពេលដែលច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ចែងថា កុមារដែលកើតនៅក្នុងប្រទេសកម្ពុជាដែលយ៉ាងហោចណាស់មានឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ អាចទទួលបានសញ្ជាតិពីកំណើតបាន នៅក្នុងការអនុវត្តជាក់ស្តែង វាមានការលំបាកសម្រាប់គ្រួសារទាំងនេះដើម្បីអនុវត្ត។

ព្រំដែនប្រទេសកម្ពុជានិងវៀតណាមនៅមិនទាន់បានកំណត់ពេញលេញ ដែលជាចំណុចមួយនៃជម្លោះ និងការភ័យខ្លាចពីការទន្ទ្រានរបស់វៀតណាម។

ការទិញដីនៅព្រំដែនខាងកម្ពុជាដោយក្រុមហ៊ុនវៀតណាមបានចង្អុលបង្ហាញថាជាឧទាហរណ៍មួយនៃវិធីសាស្ត្រស្របច្បាប់ ខណៈពេលដែលការដំឡើងប៉ុស្ត៍ព្រំដែនថ្មីនៅលើដែនទឹកដែលត្រួតត្រាដោយកងនាវាចរវៀតណាមក្នុងឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលកម្ពុជាថាជាការប៉ុនប៉ងដ៏ធ្ងន់ធ្ងរមួយដោយប្រទេសវៀតណាមក្នុងគោលបំណងផ្លាស់ទីព្រំដែន។

លោក អៀរ សុផល សាស្រ្តាចារ្យរងទទួលបន្ទុកកិច្ចការទូត និងកិច្ចការពិភពលោកនៅឯមហាវិទ្យាល័យអុក​ស៊ី​ឌែ​ន​ថ​ល នៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រាប់ថា៖ ភាពមិនពេញចិត្ត និងមិនទុកចិត្តទៅលើប្រទេសវៀតណាម និងជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា មានឬសគល់ជ្រៅជាងរឿងព្រំដែនជាប់គ្នាទៅទៀត ទាំងនេះត្រូវបានបង្ហាញនៅក្នុងការអាក់អន់ចិត្តជាមួយនឹងវៀតណាម ដែលមិនមានសមាមាត្របើប្រៀបធៀបទៅនឹងថៃ ឬឡាវ។

គាត់បានសរសេរនៅក្នុងសារអេឡិចត្រូនិកថា៖ “និយាយអោយត្រង់ទៅ វាមានការអាក់អន់ចិត្តទៅនឹងប្រទេសថៃដែរ ប៉ុន្តែវាមិនអាក្រក់ដូចវៀតណាមនោះទេ។ ហើយសម្រាប់ប្រទេសឡាវ? មិនបាច់និយាយទេ វាគ្មានការអាក់អន់ចិត្តនៅទីនោះទេ។”

ការអាក់អន់ចិត្តនេះគឺមានហេតុផលច្រើនជាងត្រឹមការរើសអើងជនជាតិវៀតណាម។ សហគមន៍នេសាទ និងធ្វើស្រែចំការក្រីក្រ ទទួលបានចំនាប់អារម្មណ៍ពីសាធារណៈ និងសកម្មភាពពីអាជ្ញាធរ ខណៈដែលជនជាតិខ្មែរវៀតណាមនៅទីក្រុងដែលមានទ្រព្យភាគច្រើនមិនត្រូវបានគេធ្វើអ្វីទេ ដែលធ្វើអោយការខំប្រឹងប្រមូលក្រុមជនជាតិវៀតណាមអោយរួមគ្នាក្លាយជាបញ្ហាមួយ។

លោក អៀ បានពន្យល់ថា៖ “មានក្រុមជនជាតិវៀតណាមផ្សេងៗគ្នា – មានអ្នកនេសាទ ហើយក៏មានអ្នកនៅភ្នំពេញ និងអ្នកផ្សេងទៀតនៅក្នុងចន្លោះនោះ។ វាពិបាកក្នុងការមើលជារួមទៅលើ “ជនជាតិវៀតណាមនៅកម្ពុជា។” លោកបានបន្ថែមថា៖ “ជាការពិត អ្នកដែលបានក្លាយជាប្តី ឬប្រពន្ធរបស់ឧត្តមសេនីយ៍ និងមន្រ្តី គឺបានមានជីវិតល្អប្រសើរ។ ឥឡូវនេះក៏ប្រាកដជាមានមនុស្សនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា ដែលជា […] ជនជាតិវៀតណាម ប៉ុន្តែនិយាយភាសា [ខ្មែរ] ហើយមានឈ្មោះខ្មែរ”។

ដោយមានសហគមន៍ខ្មែរវៀតណាមជាច្រើនជំនាន់ ដែលរស់នៅតាមជាយសង្គមកម្ពុជាឆ្ងាយពីមន្រ្តី និងសេវាកម្មសាធារណ (ហើយអាចនឹងមិនអាចនិយាយភាសាខ្មែរ) ដូច្នេះការរកលិខិតស្នាមគឺជាបញ្ហាប្រឈម ដោយសារកត្តាភស្តុភារ។

បន្ថែមលើនេះ មនុស្សរាប់សែននាក់ដែលបានភៀសខ្លួនពីអំពើហឹង្សា និងការរំខាននៅកម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០ បានឃើញកំណត់ត្រាសាធារណៈ និងលិខិតស្នាមផ្ទាល់ខ្លួនដែលបានបាត់បង់ឬ បំផ្លាញ។ ទាំងនេះបាននាំឱ្យមានការមិនរួមបញ្ចូលនូវគ្រួសារកម្ពុជាវៀតណាមជាច្រើនទៅក្នុងសេវាអប់រំផ្លូវការ និងសេវាសុខភាព រួមជាមួយលទ្ធភាពក្នុងការស្វែងរកការងារធ្វើ។

ការប្រមូលផលដំណាំម្ទេសនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

លោកថូ បានពន្យល់ថា៖ សមាជិកសហគមន៍ខ្មែរវៀតណាម ក៏មិនអាចទទួលបានសញ្ជាតិវៀតណាមនៅព្រំដែន ហើយពិបាករកការងារត្រឹមត្រូវបានធ្វើក្នុងប្រទេសវៀតណាម ដោយសារតែខ្វះឯកសារវៀតណាម។

គាត់បាននិយាយទៀតថា៖ “ដោយសារតែខ្ញុំមិនមានអត្តសញ្ញាណប័ណ្ណវៀតណាម ខ្ញុំមិនអាចទទួលបានការងារល្អនៅក្នុងរោងចក្រទេ ដូច្នេះខ្ញុំបានតែធ្វើការងារដោយប្រើកម្លាំងទេ។  វាមិនមានបញ្ហាអ្វីទេចំពោះការធ្វើការនៅវៀតណាម [ចំពោះការងារដែលប្រើកម្លាំងពលកម្មច្រើន ហើយទទួលបានកំរ៉ៃជាសាច់ប្រាក់] នេះមិនអាក្រក់សម្រាប់យើងនោះទេ ប៉ុន្តែអ្នកនៅទីនោះបានហៅខ្ញុំថាជនអន្តោប្រវេសន៍កម្ពុជា ដូច្នេះយើងត្រូវបានគេមើលឃើញថាខុសពីគេ។”

“វាមិនអាចទៅរួចទេក្នុងការធ្វើអត្តសញ្ញាណប័ណ្ណវៀតណាម ពីព្រោះអ្នកត្រូវតែមានសំបុត្រកំណើតវៀតណាម។”

ទោះបីគាត់ធ្វើការនៅក្នុងប្រទេសវៀតណាម កូនរៀននៅប្រទេសវៀតណាម ហើយភាសាវៀតណាម ជាភាសាទីមួយរបស់គ្រួសារគាត់ក៏ដោយ ក៏លោកថូ នៅតែចចេសប្រកាន់ខ្ជាប់ថាកម្ពុជាគឺជាទីកំណើតរបស់គាត់។

គាត់បានចែករំលែកថា៖ “ខ្ញុំអាចនិយាយថា ខ្ញុំជាជនជាតិវៀតណាម។ ពន្ធ [ថ្លៃសេវា] និង អត្តសញ្ញាណប័ណ្ណបាន [បញ្ឈប់] ខ្ញុំអោយមានអារម្មណ៍ថាពិតជាជនជាតិកម្ពុជា ប៉ុន្តែខ្ញុំនឹងមិនចាកចេញ ពីទីនេះទេ។ ខ្ញុំបានដិតអារម្មណ៍ជាប់ជាមួយទឹកដីកំណើតរបស់ខ្ញុំ ផ្ទះកំណើតគ្រួសារខ្ញុំ និងរបៀបរស់នៅរបស់ខ្ញុំ។”

ការទាញរបស់វៀតណាម

ារមិនរាប់បញ្ចូលទៅក្នុងការអប់រំផ្លូវការ សុខភាព និងការងារនៅកម្ពុជា សហគមន៍ខ្មែរវៀតណាមនៅតាមបណ្តោយព្រំដែនបានងាកទៅប្រទេសវៀតណាម ជាញឹកញាប់ជិះសាឡាងចម្ងាយខ្លី។

ប្រជាពលរដ្ឋជាច្រើននៅភូមិប៉ាក់ណាម មិនអាចនិយាយខ្មែរបានច្បាស់ល្អទេ ដែលធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរសម្រាប់ក្នេងជំនាន់ក្រោយ។ ស្រាបៀរយីហោវៀតណាម អាហារសម្រន់ និងប្រអប់កាហ្វេ ដែលមានលក់នៅហាងក្នុងស្រុក សាប៊ូកក់សក់ និងជែលលាបសក់ យីហោវៀតណាម ត្រូវបានប្រើប្រាស់នៅក្នុងហាងធ្វើសក់ក្នុងភូមិ។ ភាសាវៀតណាមគឺជាជម្រើសសម្រាប់ស្លាកសញ្ញា ប្រតិទិន និងទូរស័ព្ទចល័ត ទូរទស្សន៍ និងវិទ្យុទាំងអស់ត្រូវបានបើកទៅស្ថានីយនានាពេសពេញព្រំប្រទល់។

ត្រឺមតែ ៥០០រៀល ឬ ៣០០០ដុង (០,១២ ដុល្លារអាមេរិក) អ្នកភូមិអាចជិះសាឡាងដែលចម្លងទៅមកតាមដងទន្លេបាសាក់ពេញមួយថ្ងៃ បានយ៉ាងងាយស្រួល ដោយមិនឆ្លងកាត់ការត្រួតពិនិត្យផ្លូវការនៅព្រំដែនដើម្បីចូលទៅវៀតណាមទេ។

អ្នកភូមិប៉ាក់ណាមម្នាក់ឈ្មោះសន ដែលបានផ្លាស់ប្តូរទីលំនៅមកភូមិនេះកាលពីឆ្នាំ១៩៨០ បន្ទាប់ពីចំណាយពេល ៦ឆ្នាំនៅប្រទេសវៀតណាម បន្ទាប់ពីគាត់ត្រូវបានខ្មែរក្រហមនៅឆ្នាំ១៩៧៤ បណ្តេញចេញពីប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់គាត់ បានពន្យល់ថា៖ “ខ្ញុំទៅផ្សារនៅវៀតណាមហើយយកប័ណ្ណ[ស្នាក់នៅ] ទៅជាមួយ។ មានមនុស្សជាច្រើនធ្វើដំណើរទៅផ្សារ ហើយយើងឃើញស្លាកលេខខ្មែរនៅលើម៉ូតូជាច្រើន។ មិនមានផ្សារនៅជិតទីនេះទេ ហេតុដូច្នេះយើងត្រូវតែទៅ [ផ្សារនៅប្រទេសវៀតណាម]។”

គាត់បានរំឭកថា៖ “យើងបានរកការងារតូចតាចសម្រាប់ធ្វើ ប្រមូលផលសណ្ដែកដើម្បីបំពេញក្រពះ[នៅវៀតណាម] ប៉ុន្តែពេលចាប់ផ្តើមមានសុវត្ថិភាពវិញ យើងត្រឡប់មកកម្ពុជាវិញ។” ខណៈគ្រួសារជាច្រើនដែលត្រូវបានបណ្តេញចេញបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ អ្នកខ្លះបានសម្រេចចិត្តស្នាក់នៅក្នុងប្រទេសវៀតណាម ដែលជាកន្លែងដែលពួកគេបន្តប្រឈមមុខ នឹងបញ្ហាគ្មានរដ្ឋ និងគ្មានសញ្ជាតិ ដូចដែលជួបនៅក្នុងប្រទេសកម្ពុជាដែរ។

គាត់បាននិយាយថា៖ “ខ្ញុំនិយាយភាសាខ្មែរបានល្អ​ ប៉ុន្តែនៅទីនេះខ្ញុំនិយាយភាសាវៀតណាមច្រើនជាង។ កូនស្រីរបស់ខ្ញុំបានសិក្សានៅប្រទេសវៀតណាមរហូតដល់ថ្នាក់ទី៥។ នាងយល់ភាសាខ្មែរ ប៉ុន្តែមិនអាច និយាយបានទេ។ វាធ្វើអោយខ្ញុំមិនសប្បាយចិត្តទេ ដែលនាងមិនអាចនិយាយភាសាខ្មែរបាន។”

បើគ្មានសំបុត្រកំណើតដើម្បីបង្ហាញពីសញ្ជាតិ កុមារខ្មែរវៀតណាមនៅទូទាំងប្រទេសកម្ពុជាមានលទ្ធភាពតិចតួចណាស់ក្នុងការទទួលបានការអប់រំជាផ្លូវការ ហើយឪពុកម្តាយជាច្រើននៃសហគមន៍វៀតណាមនៅប៉ាក់ណាម បានបញ្ជូនកូនៗរបស់ពួកគេឆ្លងកាត់ទន្លេទៅវៀតណាមជារៀងរាល់ថ្ងៃដើម្បីទៅសាលារៀន។

ប៉ុន្តែក៏មានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីបង្កើនការផ្តល់ការអប់រំនៅខាងកម្ពុជាដែរ។ លោកស្រី ចាន់ សុខា នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍សហគមន៍ខ្មែរ (KCD) ដែលបានធ្វើការងារជាច្រើនជាមួយកុមារនៅព្រំដែនខេត្តកណ្តាល និងវៀតណាមដើម្បីធានាអោយមានការអប់រំសម្រាប់ទាំងអស់គ្នា បានពន្យល់ថា៖ គ្រូបង្រៀនចេះនិយាយពីរភាសា ដែលទើបតែជួលអោយធ្វើការដោយសាលារៀនតូចនៅវត្តក្នុងភូមិប៉ាក់ណាម គឺជាការបង្រៀនមេរៀនភាសាខ្មែរផ្លូវការលើកដំបូងសម្រាប់កុមារជាច្រើននៅក្នុងតំបន់។

គាត់បាននិយាយថា៖ “វាមានសារៈសំខាន់ខ្លាំងណាស់ដែលកុមារខ្មែរ និងកុមារវៀតណាមអាចចែករំលែកការអប់រំនៅក្នុងប្រព័ន្ធសាលារៀនខ្មែរ។ តាមរយៈការរៀនសូត្រជាមួយគ្នា ពួកគេទាំងពីរអាចយល់អំពីវប្បធម៌ [ខុសគ្នា] ហើយនេះ […] នឹងកាត់បន្ថយការប្រកាន់ពូជសាសន៍ និងការរើសអើងពីកុមារខ្មែរទៅលើកុមារវៀតណាម។ ប្រសិនបើពួកគេទាំងពីរចេះយល់ដឹងនោះវានឹងធ្វើឱ្យមានកិច្ចសហប្រតិបត្តិការល្អសម្រាប់ [គោលបំណង] អាជីវកម្ម ឬការអភិវឌ្ឍផ្សេងៗនៅក្នុងសហគមន៍របស់ពួកគេ។”

ប្រតិទិនជាភាសាវៀតណាមនៅលើជញ្ជាំងផ្ទះរបស់វ៉ាន់ និងឡៃនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

សំបកដបស្រាបៀរពីភាគខាងត្បូងនៃប្រទេសវៀតណាម ចាំដឹកត្រលប់ទៅវៀតណាមវិញដើម្បីប្រើប្រាស់សារជាថ្មី។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

វិក័យបត្រអគ្គិសនីកម្ពុជានៅលើជញ្ជាំងផ្ទះនៅភូមិប៉ាក់ណាម អក្សរខ្មែរខ្លះដែលឃើញមាននៅក្នុងភូមិ។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

ទាំងរូបិយប័ណ្ណកម្ពុជា និងរូបិយប័ណ្ណវៀតណាម អាចប្រើបានសម្រាប់សាឡាងនៅព្រំដែន។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

រូបភាពពីពុទ្ធប្រវត្តិ និងអក្សរខ្មែរ និងរូបថតចាស់នៃនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី តុបតែងលម្អវត្តតូចមួយនៅភូមិប៉ាក់ណាម។ (នេះជាសំណង់បែបប្រពៃណីខ្មែរតែមួយគត់នៅក្នុងភូមិ) (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

សាលាបឋមសិក្សារបស់រដ្ឋនៅភូមិប៉ាក់ណាម និងភូមិខ្ញាតាំងយូ ដែលមានប្រជាជនខ្មែរវៀតណាមជាច្រើនរស់នៅ មានថ្នាក់រៀនភាសាខ្មែរសម្រាប់កុមារ។ ខណៈដែលអង្គការក្រៅរដ្ឋាភិបាលដូចជា KCD ផ្តល់ការគាំទ្រផ្នែកអប់រំនៅក្រៅវិស័យអប់រំផ្លូវការ ហើយចំពោះកុមារដែលចេះតិចតួច ឬមិនចេះភាសាខ្មែរសោះ ជម្រើសតែមួយគត់របស់គេ គឺបន្តការសិក្សានៅប្រទេសវៀតណាម។

លោកស្រី សុខា បានកត់សម្គាល់ថា៖ ការទទួលបានសិទ្ធិគឺជាបញ្ហាមួយផ្សេងទៀត ប៉ុន្តែជាបញ្ហាមួយដែលបង្កការរាំងស្ទះនៅជិតព្រំដែនតិចជាងតំបន់ដទៃទៀត។

លោកស្រីបានបន្ថែមថា៖ “សាលាបឋមសិក្សានៅព្រែកជ្រៃ ប៉ាក់ណាម និងខ្ញាតាំងយូ ហាក់ដូចជា បើកចំហជាងមុន ដោយពួកគេអាចចូលរៀនបានដោយមិនបាច់មានសំបុត្រកំណើត[ខ្មែរ] ប៉ុន្តែពួកគេ អាចចូលរៀននៅតែបឋមសិក្សាទេ ហើយសម្រាប់បែបបទនៃការសិក្សាវិញគឺនៅក្រៅផ្លូវការ។”

លោកស្រី សុខា បានទទួលស្គាល់ថា៖ ការពិតសម្រាប់សិស្សខ្មែរវៀតណាមភាគច្រើន គឺបើទោះបីជាពួកគេហៅប្រទេសកម្ពុជាថាផ្ទះក៏ដោយ ក៏ចុងក្រោយពួកគេនៅតែធ្វើការងារអោយក្រុមហ៊ុនវៀតណាម ឬភាគច្រើនធ្វើជាមួយអ្នកនិយាយភាសាវៀតណាម ដូច្នេះហើយការបញ្ចុះបញ្ចូលឪពុកម្តាយ និងសិស្សពីសារៈសំខាន់នៃការរៀនភាសាខ្មែរ គឺជាបញ្ហាប្រឈមរបស់ក្រុម KCD។

នាពេលបច្ចុប្បន្ននេះ ស្ទើរគ្រប់តម្រូវការក្នុងផ្នែកអប់រំ សុខភាព ការងារ និងតម្រូវការទិញឥវ៉ាន់របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននេះត្រូវបានធ្វើឡើងនៅប្រទេសវៀតណាមដែលមានប្រជាជនរស់នៅច្រើនតាន់តាប់ ហើយក៏ជាកន្លែងនៅដែលមានសេវា និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយការអភិវឌ្ឍច្រើនជាង។

យោងតាមជំរឿនថ្នាក់ជាតិឆ្នាំ២០០៨របស់កម្ពុជា (ជំរឿនថ្នាក់ជាតិឆ្នាំ២០១៨ដែលមានការពន្យាពេល នឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ២០១៩) មាន ០,៥៤% នៃប្រជាពលរដ្ឋបានចុះបញ្ជីដែលបញ្ជាក់ថាវៀតណាមជាភាសាកំណើតរបស់ពួកគេ។ ក្នុងចំណោមពលរដ្ឋកម្ពុជាចំនួន ១៣,៤លាននាក់នាពេលនោះ នេះមានន័យថាមានយ៉ាងហោចណាស់ ៧០០០០នាក់ ដែលត្រូវបានសម្គាល់ថាជាអ្នកនិយាយភាសាវៀតណាម។

ជាមួយនឹងចំនួនប្រជាជនកម្ពុជាបច្បុប្បន្នដែលមានចំនួនប្រមាណ ១៦លាននាក់ ហើយបើសន្មត់ថាអ្នកនិយាយភាសាវៀតណាមនៅតែមានភាគរយស្រដៀងគ្នាដដែល នេះមានន័យថាយ៉ាងហោចណាស់មានអ្នកនិយាយភាសាវៀតណាមយ៉ាងតិច ៨០០០០នាក់ ហើយក៏ប្រហែលមានពលរដ្ឋច្រើនផ្សេងទៀតដែលបានកត់ត្រាភាសាខ្មែរជាភាសាកំណើតដើម្បីកុំអោយមានការសង្ស័យ ឬមិនបានរាប់បញ្ចូលនៅក្នុងជំរឿនឆ្នាំ២០០៨។

សម្រាប់ សនដែលជាអ្នកភូមិប៉ាក់ណាម បំណងក្នុងការរស់នៅក្នុងប្រទេសកម្ពុជាគឺខ្លាំងរឹងមាំ។

គាត់បានពន្យល់ថា៖ “ឪពុកខ្ញុំជាជនជាតិខ្មែរវៀតណាម ម្ដាយខ្ញុំជនជាតិខ្មែរ ហេតុដូច្នេះក្នុងបេះដូងខ្ញុំ ខ្ញុំគឺទាំងពីរ។” បើទោះបីជាមានការអះអាងផ្លូវច្បាប់ទាំងនេះចំពោះសញ្ជាតិខ្មែរក្រោមច្បាប់ស្តីពីសញ្ជាតិក៏ដោយ ក៏លោកស្រីនៅតែគ្មានសញ្ជាតិ និងមានតែសៀវភៅស្នាក់នៅថ្មីរបស់លោកស្រី ដែលបានទទួលនៅឆ្នាំ២០១៦។

សន បាននិយាយថា៖ “ការរស់នៅទីនេះគឺល្អ។ ខ្ញុំអាចលក់ពោតរបស់ខ្ញុំនៅវៀតណាម ហើយទៅផ្សារដើរទិញឥវ៉ាន់។ គ្មានអ្វីមិនល្អទេ។”

នៅក្នុងចំការពោតក្រោយផ្ទះរបស់គាត់ មានផ្នូររបស់ឪពុកម្តាយគាត់ និងសាច់ញាតិផ្សេងទៀតរបស់គាត់ ដែលមានចារអក្សរវៀតណាម ដែលវាបង្ហាញពីភាពផ្សារភ្ជាប់របស់គាត់ជាមួយនឹងទឹកដីនេះ។

“ខ្ញុំនឹងមិនរស់នៅកន្លែងផ្សេងទៀតទេ ឪពុកម្តាយរបស់ខ្ញុំត្រូវបានបញ្ចុះនៅទីនេះ។”

ទីបញ្ចុះសពគ្រួសាររបស់សន នៅក្រោយផ្ទះរបស់នាងនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

ប្រវត្តិសាស្រ្តដែលផ្សារភ្ជាប់

ាតិសាសន៍ចម្រុះរបស់កម្ពុជាបានជួយបង្កើត និងអភិវឌ្ឍទេសភាពស្ថាបត្យកម្ម, សាសនា និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេស។ ខណៈដែលជនជាតិខ្មែរមានច្រើនជាងគេ ថ្មីៗនេះមានជាតិសាសន៍ពីទីខ្ពស់ និងជនអន្តោសប្រវេសន៍ចិន ចាម និងវៀតណាម នេះចង្អុលបង្ហាញអំពីភាពទាក់ទាញក្នុងតំបន់របស់កម្ពុជាតាំងពីយូរមក។ (ជនជាតិចាមគឺជាជនជាតិភាគតិចខ្មែរឥស្លាម ដែល ECCC បានរកឃើញថាជាជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។)

កម្ពុជាសម័យទំនើប គឺជាផលិតផលនៃអាណាចក្រមួយ។ អាណាចក្រអង្គរបានគ្របដណ្តប់ប្រហែល ១លានគីឡូម៉ែត្រការ៉េ ដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុតនៅសតវត្សទី១២ ហើយរាជធានីរបស់ខ្លួននៅអង្គរវត្តគឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅក្នុងពិភពលោក។ តំបន់ប្រវត្តិសាស្ត្រអង្គរបើប្រៀបធៀបនឹងសព្វថ្ងៃនេះ គឺលាតសន្ធឹងពីព្រំប្រទល់ប្រទេសថៃជាមួយភូមា ទៅដល់ភាគខាងត្បូងនៃប្រទេសវៀតណាម និងឡាវ។

ក្រោយពីការធ្លាក់ចុះជាបន្តបន្ទាប់របស់អង្គរ ក៏ដូចជាការលូតលាស់របស់ប្រទេសជិតខាងថៃ និងវៀតណាម វាបានធ្វើមានការបង្រួមទឹកដី ហើយរហូតមកដល់ឆ្នាំ១៨៦៣ ដែលមានការតាក់តែងកម្ពុជា ដាក់ក្រោមអាណាព្យាបាលបារាំង ដែលជាផ្នែកមួយនៃកម្មសិទ្ធិឥណ្ឌូចិននាពេលក្រោយទៀត។ ចំនួនមន្ត្រីរាជការ និងមន្រ្តីវៀតណាមជាច្រើននាក់ត្រូវបាននាំយកមកកាន់ប្រទេសកម្ពុជាដើម្បីជួយក្នុងកិច្ចការនយោបាយអាណានិគមបារាំង ហើយជាច្រើនអ្នកបានស្នាក់នៅក្រោយពីបានឯករាជ្យភាពពីបារាំងនៅឆ្នាំ១៩៥៣។

នៅឆ្នាំ១៩៦៩ មានប្រជាជនវៀតណាមប្រមាណ ៤០០០០០នាក់ រស់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមប្រជាជនចំនួន ៧លាននាក់។ អំពើហិង្សាប្រឆាំងវៀតណាមនៅឆ្នាំ១៩៧០ ជាឆ្នាំដែលឧត្តមសេនីយ៍ លន់ នល់ បានឡើងកាន់អំណាចដោយរដ្ឋប្រហារ គេបានឃើញមានការបណ្តេញគ្រួសារវៀតណាមចំនួន ២០០០០០គ្រួសារ និងការស្លាប់ប្រមាណ ៤០០០នាក់ដោយអំពើហិង្សាក្នុងហ្វូងមនុស្ស។

ជ័យជំនះទៅលើរដ្ឋាភិបាល លន់ ណុល នៅខែមេសា ឆ្នាំ១៩៧៥ ដោយពួកខ្មែរក្រហមបានធ្វើអោយស្ថានភាពរបស់ប្រជាជនវៀតណាមកាន់តែអាក្រក់ឡើង។ ទោះបីខ្មែរក្រហមទទួលបានការហ្វឹកហ្វឺន និងការឧបត្ថម្ភផ្នែកសម្ភារៈជាច្រើនពីមិត្តកុម្មុយនិស្តរបស់ខ្លួននៅវៀតណាមក៏ដោយ ក៏ការស្អប់គ្នា និង ការសង្ស័យជាយូរមកហើយនាំឱ្យមានការបណ្តេញចេញទាំងអស់ និងការសម្លាប់ប្រជាជនវៀតណាមជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា។

ចំនុចកំពូលនៃការជំនុំជម្រះក្តីផ្នែកទីពីរនៃឆ្នាំ២០១៨ ដែលបានរង់ចាំយូរមកហើយ បានថ្កល់ទោសមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតគឺលោក ខៀវ សំផន និងលោក នួន ជា នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ថាមានបទល្មើស (រង់ចាំការផ្តន់ទារទោស) អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ 1949។

សនដើរកាត់ចំការពោតនៅក្រោយផ្ទះរបស់នាងទៅកាន់ទីបញ្ចុះសពរបស់សាច់ញាតិនាង។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

សេចក្តីសង្ខេបរបស់អង្គជំនុំជម្រះថ្លែងថា៖ “ក្នុងករណីនីមួយៗ ជនជាតិវៀតណាមត្រូវបានកំណត់ជាគោលដៅមិនត្រឹមជាបុគ្គលទេ ប៉ុន្តែផ្អែកលើសមាជិកភាពរបស់ពួកគេ និងតាមការយល់ឃើញទៅលើក្រុមជនជាតិ។ ករណីនេះបានកើតឡើងក្រោមគោលការណ៍គ្រប់គ្រង[ខ្មែរក្រហម] ដើម្បីចាត់ជនជាតិវៀតណាមជាគោលដៅរួមទាំងជនស៊ីវិល។ រហូតមកដល់ចុងឆ្នាំ១៩៧៦ ជនជាតិវៀតណាមត្រូវបានគេដាក់ជាគោលដៅដើម្បីបណ្តេញចេញ ចាប់ពីខែមេសា ឆ្នាំ១៩៧៧ សម្រាប់ការបំផ្លិចបំផ្លាញដូចនេះ។”

“ពូជពង្សយួនអាក្រក់នឹងត្រូវបានបំបាត់ចោលពីផ្ទៃផែនដី។ ហើយយើងជាកម្ពុជា[ជនជាតិខ្មែរ យើងនឹងក្លាយជាប្រជាជាតិមានភាពសុខដុម។” – ប៉ុល ពត

“ហើយឥឡូវនេះ ចុះយួនយ៉ាងម៉េច? គ្មានយួននៅក្នុងទឹកដីកម្ពុជាទេ។ ពីមុនមានយួនជិត ១ ០០០ ០០០នាក់។ ឥឡូវនេះរកមិនឃើញសូម្បីតែមួយគ្រាប់។” – ទស្សនាវដ្តីទង់បដិវត្តន៍របស់ខ្មែរក្រហមខែមេសា ឆ្នាំ១៩៧៨

ខ្មែរក្រហមត្រូវបានទម្លាក់នៅដើមឆ្នាំ១៩៧៩ ដោយមានអន្តរាគមន៍ទ្រង់ទ្រាយធំពីកងទ័ពវៀតណាម ដោយមានជំនួយពីអ្នករត់ចោលខ្មែរក្រហមរួមទាំងនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នលោក ហ៊ុន សែន និងឥស្សរជននយោបាយឈានមុខផ្សេងៗទៀត។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ចំនួនប្រជាពលរដ្ឋកម្ពុជាបានធ្លាក់ចុះប្រមាណជាពីរលាននាក់។ ជនជាតិវៀតណាមចំនួន ២០០០០នាក់ បូកបញ្ចូលជាមួយខ្មែរជាង ១លាននាក់ ជនជាតិចាម និងជនជាតិភាគតិចដទៃទៀត ត្រូវបាន សម្លាប់នៅក្រោមរបបខ្មែរក្រហម ដោយសារការអត់ឃ្លាន ការធ្វើការងារហួសកម្លាំង និងកង្វះខាត ការថែទាំសុខភាព។

ជាច្រើនឆ្នាំនៃការវាយឆ្មក់ឆ្លងកាត់ព្រំដែនដោយកងកម្លាំងខ្មែរក្រហមក្នុងអំឡុងពេលនោះ បានធ្វើតេស្តភាពអត់ធ្មត់របស់ប្រទេសវៀតណាមយ៉ាងខ្លាំង ហើយកងកម្លាំងដឹកនាំដោយវៀតណាមបានគ្រប់គ្រងយ៉ាងឆាប់រហ័សលើកម្ពុជាភាគច្រើន នៅពេលអន្តរាគមន៍របស់ពួកគេបានចាប់ផ្តើម។ យ៉ាងណាក៏ដោយ កំលាំងនៃការតស៊ូរបស់ខ្មែរក្រហម ជាពិសេសនៅតាមបណ្តោយព្រំដែនថៃដែលពួកគេបានទទួលការគាំទ្រពីលោកខាងលិច និងចិន នៅបន្តរហូតដល់ការស្លាប់របស់មេដឹកនាំ ប៉ុល ពត និងការចុះចាញ់របស់មេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅឆ្នាំ1998។

ការត្រឡប់ទៅរកភាពប្រក្រតីនៅប្រទេសកម្ពុជា ទោះនៅស្ថិតក្រោមការតម្រង់ទិសរបស់វៀតណាមក៏ដោយ នាំឱ្យមានការវិលត្រឡប់មកវិញនូវគ្រួសារខ្មែរវៀតណាមជាច្រើនដែលបានភៀសខ្លួនកាលពីឆ្នាំ១៩៧៥ ហើយក៏មានជនអន្តោប្រវេសន៍វៀតណាមថ្មីជាច្រើននាក់មកជាមួយដែរ។ អង្គការសហប្រជាជាតិ រួមជាមួយសហគមន៍អន្តរជាតិជាច្រើនមិនបានទទួលស្គាល់រដ្ឋាភិបាលថ្មីនៅកម្ពុជា ហើយជំនួសមកវិញ ពួកគេគាំទ្រក្រុមចម្រុះរាជានិយម ជាតិនិយម និងក្រុមខ្មែរក្រហម នៅតាមបណ្តោយព្រំដែនថៃ ទាំងនេះត្រូវបានគេកត់សម្គាល់នៅក្នុងកិច្ចប្រជុំមហាសន្និបាតមួយក្នុងឆ្នាំ១៩៨៣ ដែលចែងថា៖ “មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្លាស់ប្តូរប្រជាសាស្រ្តនៅប្រទេសកម្ពុជា ដោយសារមានកងកម្លាំងកាន់កាប់បរទេស។”

នៅក្នុងការបង្កើតឡើងនូវការបោះឆ្នោតជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ដែលបន្ទាប់មកមានការដកចេញនូវកងទ័ពវៀតណាមនៅឆ្នាំ១៩៩០ ពួកខ្មែរក្រហមបានវាយប្រហារសហគមន៍ខ្មែរវៀតណាមនៅក្នុងប្រទេសកម្ពុជា និងបង្ខំឱ្យក្រុមគ្រួសារភៀសខ្លួនជាថ្មីម្ដងទៀតនៅជិតព្រំដែន។ នៅចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ អង្គការលើកលែងទោសអន្តរជាតិបានកត់សម្គាល់ពីការស្លាប់របស់ប្រជាជនខ្មែរវៀតណាមនៅកម្ពុជាប្រមាណ ១៣០នាក់ និងរបួស ៧៥នាក់ ថែមទាំងមួយចំនួនបាត់ខ្លួនដែលសន្មត់ថាបានសម្លាប់។

របាយការណ៍របស់ពួកគេបានបង្ហាញពីការស្អប់ និងការសង្ស័យក្នុងចំណោមមេដឹកនាំខ្មែរក្រហមទៅលើជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា។ សម្ដីដកស្រង់របស់លោកឧត្តមសេនីយ៍ នួន ប៊ុនណូ ក្នុងឆ្នាំ១៩៩២៖ “ពីព្រោះយួន […] ដែលកងកម្លាំងដ៏ឃោរឃៅនៅតែបន្តការឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ខណៈដែលជនអន្តោប្រវេសន៍យួន កំពុងបន្តរឹបអូសយកដីធ្លី និងកសិដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះវាធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកម្ពុជា។”

1.ផ្ទះនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
2.ប្រជាពលរដ្ឋខ្មែរវៀតណាមនៅភូមិប៉ាក់ណាម (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
3.ផ្ទះនៅភូមិប៉ាក់ណាមមានរចនាបថស្រដៀងទៅនឹងរចនាបថវៀតណាមជាងខ្មែរ។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

“យួន” គឺជាពាក្យខ្មែរបុរាណសម្រាប់វៀតណាម និងជនជាតិវៀតណាម ប៉ុន្តែវាបានក្លាយជាពាក្យប្រមាថ និងឃោរឃៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានសហគមន៍ខ្មែរវៀតណាមមានការមិនពេញចិត្ត។ ឥស្សរជនគណបក្សប្រឆាំងដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ដែលឥលូវត្រូវបានគេរំសាយបក្សដូចជា លោក សម រង្ស៊ី (ដែលរស់នៅក្នុងនិរទេសខ្លួនដោយខ្លួនឯងនៅប្រទេសបារាំងបន្ទាប់ពីមានការចោទប្រកាន់ដោយហេតុផលនយោបាយជាច្រើនប្រឆាំងនឹងរូបលោក ហើយលោកនៅតែជាអ្នករិះគន់រដ្ឋាភិបាល) បានប្រឆាំងការពារដោយប្រើពាក្យថា ជាអាយ៉ងរបស់ហាណូយ ហើយជនជាតិវៀតណាមនៅកម្ពុជាគឺជារនុកក្នុង ទាំងនេះជាពាក្យដែលប្រើពេលនិយាយពីរដ្ឋាភិបាលរបស់ ហ៊ុន សែន ដែលមានកំណើតពេលកងទ័ពវៀតណាមគ្រប់គ្រងកម្ពុជា។

មិនថាមានអំណះអំណាងសិក្សា និងប្រវត្តិសាស្រ្តសម្រាប់ការប្រើប្រាស់ពាក្យយ៉ាងណាទេ សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជានៅតែមិនពេញចិត្តចំពោះពាក្យនោះ ហើយអ្នកភូមិប៉ាក់ណាមក៏មានភាពក្តៅក្រហាយនៅពេលសួរអំពីរឿងនេះ។

លោកថូ បានពន្យល់ថា៖ “វាមិនងាយស្រួលទេពេលឮពាក្យថា “យួន”។ វាស្តាប់មើលទៅដូចជាការប្រមាថដល់ខ្ញុំណាស់។ [និយាយ]ជាមួយមិត្តភក្តិ គ្មាននរណាម្នាក់ហៅគ្នាដូច្នេះទេ ផ្ទុយទៅវិញយើងហៅថា “វៀត”។ ប៉ុន្តែប្រសើរដែរ ដោយពេលនេះយើងឮពាក្យយួននិយាយតិចទៅជាងមុន។”

លោក រ៉េម៉ុន ហ៊ីម៉ា ទីប្រឹក្សាប្រចាំតំបន់នៃអង្គការសិទ្ធិមនុស្សកម្ពុជា Women Peace Makers បានពន្យល់ថា៖ អ្នកភូមិបច្ចុប្បន្នក៏បានរាយការណ៍ពីទំនាក់ទំនងដោយសន្តិភាពជាមួយអ្នកជិតខាងជនជាតិខ្មែរ និងចាមផងដែរ។ ជាក់ស្តែង ភាគច្រើននៃវោហាសាស្ត្រប្រឆាំងជនជាតិវៀតណាមត្រូវបានផុសចេញពីតំបន់ដែលបានលុបចេញពីព្រំដែន ដែលជាកន្លែងដែលទំនាក់ទំនងរវាងវៀតណាម និងខ្មែរមានកំណត់

លោកបានមានប្រសាសន៍ថា៖ “យើងមានអ្វីជាច្រើនដែលត្រូវរៀនពីសហគមន៍ ដែលកំពុងរស់នៅក្នុងបរិស្ថានលាយឡំគ្នា ហើយមានទំនាក់ទំនងជាមួយអ្នកដែលយើងគិតថាខុសគ្នា ឬជាអ្នកផ្សេងបើធៀបនឹងបរិបទផ្ទាល់របស់យើង។”

លោក ហ៊ីម៉ា បាននិយាយថា៖ “ការសង្កេតស្តាប់របស់យើងនៅតាមសហគមន៍តាមបណ្តោយព្រំប្រទល់កម្ពុជា វៀតណាមផ្លាស់ប្តូរការសន្មត់ជាច្រើនដែលយើងមានកាលពីនៅទីក្រុងភ្នំពេញ ដែលទីនោះគេតែងគិតជារឿយៗថា ព្រំដែនជាកន្លែងពេញដោយបញ្ហាបែងចែក ឬជម្លោះ។ ទោះបីយើងបានដឹងអំពីអារម្មណ៍អវិជ្ជមានក្នុងចំណោមក្រុមជនជាតិភាគតិចក៏ដោយ ក៏យើងបានរកឃើញឧទាហរណ៍ជាច្រើននៃការរួមបញ្ចូលគ្នា និងទំនាក់ទំនងគ្នានៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរ វៀតណាម ចាម មូស្លីម និងសហគមន៍ដទៃទៀត ដែលរស់នៅជាមួយគ្នា។” ជនជាតិភាគតិចនៅកម្ពុជាមានប្រហែល ១៥ក្រុម។

ផ្លូវជាតិកម្ពុជាលេខ២១B បន្ទាប់ពីរបងព្រំដែនកម្ពុជា។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)

វ៉ាន់ និងប្រពន្ធរបស់គាត់ឈ្មោះឡៃ បានរស់នៅភូមិប៉ាក់ណាមតាំងពីឆ្នាំ១៩៨២មក។ ពួកគេទាំងពីរនាក់ជាជនជាតិខ្មែរវៀតណាម ហើយគេបាននិយាយពីមោទនភាពរបស់ពួកគេដែលបានធំឡើងនៅក្នុងប្រទេសកម្ពុជា។

ខណៈពេលដែលកំពុងសម្លឹងមើលវាលស្រែគ្រួសាររបស់គាត់ពីលើរាលហានផ្ទះដែលមានការតុបតែងលម្អចម្រុះពណ៌ ឡៃ បានពន្យល់ថា៖ “ខ្មែរក្រហមបានអោយយើងចាកចេញពីកម្ពុជានៅឆ្នាំ១៩៧៥ ហើយយើងបានរស់នៅក្នុងខេត្ត តៃនិញ នៅក្បែរព្រំដែន[នៅវៀតណាម]។ នៅឆ្នាំ១៩៨២ យើងបានរៀបការហើយបន្ទាប់មកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ទៅខេត្តកំពង់ធំ ហើយបន្ទាប់មកគឺទីនេះ។” នាងបានកើតនៅក្នុងភូមិអណ្តែតទឹកមួយនៅលើបឹងទន្លេសាប ហើយបានចំណាយកុមារភាពរបស់នាងនៅលើទឹក។

នាងនិយាយជាមួយស្មាមញញឹមប្រកបដោយមោទនភាពថា៖ “យើងនឹងដាក់ពាក្យស្នើសុំសញ្ជាតិ និងឯកសារត្រឹមត្រូវនៅពេលដែលមានការអនុញ្ញាតិ [ក្នុងរយៈពេលប្រាំឆ្នាំទៀត]។ ខ្ញុំចង់មានសញ្ជាតិជាផ្លូវការ។”

ស្វាមីរបស់នាងក៏មានការប្តេជ្ញាចិត្តដូចគ្នាក្នុងការរស់នៅក្នុងប្រទេសកម្ពុជា៖ “នេះជាកន្លែងកំណើតរបស់ពួកយើង។ វាជាស្រុកកំណើតរបស់ខ្ញុំ។ ទោះបីគ្មានឯកសារក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ថាជាជនជាតិខ្មែរ។”

Article by Anrike Visser.
Editing by Mike Tatarski.
Illustrations by Imad Gebrayel.

Taking you where others don't
Ready to make sense of foreign news?

By subscribing you agree that your information will be transferred to MailChimp for processing in accordance with their Privacy Policy (https://mailchimp.com/legal/privacy/) and Terms (https://mailchimp.com/legal/terms/).