Vietnamese English Spanish French German Dutch
Listen to this story (English).
ជីវិតនៅក្នុងប្រទេសកម្ពុជាសម្រាប់សហគមន៍ខ្មែរវៀតណាម គឺតែងមានការលំបាក ការបៀតបៀន ឬអាចរហូតដល់សូម្បីតែអំពើប្រល័យពូជសាសន៍។ ជនជាតិវៀតណាមដែលហៅកម្ពុជាថាជាផ្ទះរបស់ខ្លួនមិនចង់ចាកចេញនោះទេ ទោះបីជាពួកគេអាចចាកចេញក៏ដោយ ទោះពួកគេត្រូវបានគេចោទប្រកាន់ជាយូរមកហើយថាជារនុកអោយប្រទេសជិតខាងវៀតណាម – ក្រុមភ្នាក់ងារបង្ហិនបង្ហោច ដែលព្យាយាមធ្វើឱ្យអន្តរាយដល់សាមគ្គីភាពរបស់ជាតិ។
មន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានមកដល់ភូមិប៉ាក់ណាមក្នុងឆ្នាំ២០១៦។ សហគមន៍កសិកម្ម ដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់កោងនៃព្រំដែនកម្ពុជាវៀតណាមនៅក្នុងខេត្តកណ្តាលរបស់កម្ពុជា នៅតាមតំបន់លិចទឹកនៃទន្លេមេគង្គ គឺដូចទៅនឹងកន្លែងជាច្រើនទៀតដែលនៅផ្នែកខាងនេះនៃព្រំដែន។ ផ្ទះជន្ទល់សាមញ្ញធ្វើពីឈើស្ថិតនៅសងខាងផ្លូវធំ ហើយក៏មានចំការដំណាំពោត ដំណាំម្ទេស និងវាលស្រែលាតសន្ធឹងនៅពីក្រោយផ្ទះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ទើរតែទាំងស្រុងនៃភូមិប៉ាក់ណាមដែលបច្ចុប្បន្ននៅកម្ពុជា ជាស្រុកកំណើតរបស់កូនចៅជំនាន់ក្រោយនៃជនអន្តោប្រវេសន៍វៀតណាម។ មានច្រើននាក់ដែលបាននៅរស់រានមានជីវិតក្រោយពីរបបប្រល័យពូជសាសន៍ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៥ និង ឆ្នាំ១៩៧៩។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានថ្កល់ទោសទៅលើ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ដែលនៅរស់រានមានជីវិត គឺលោក ខៀវ សំផន និងលោក នួន ជា (រង់ចាំការផ្តន់ទារទោស) ក្នុងបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរនៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ នៅក្នុងសាលក្រមនាខែមីនា។
នៅចុងបញ្ចប់ ជិត៤០ឆ្នាំបន្ទាប់ពីការបណ្តេញចេញ និងការសម្លាប់ជនជាតិវៀតណាម និងក្រុមជនជាតិភាគតិចផ្សេងទៀត សកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថាជាអំពើប្រល័យពូជសាសន៍។ ការសម្រេចរបស់តុលាការនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ដោះស្រាយរឿងកាលពីអតីតកាល ប៉ុន្តែប្រជាជនវៀតណាមនៅតែប្រឈមមុខនឹងការលំបាក និងការរើសអើងនៅប្រទេសកម្ពុជាក្នុងសម័យទំនើប ទោះបីពួកគេភាគច្រើនមានកំណើតនៅក្នុងប្រទេសក៏ដោយ។
អាជ្ញាធរកម្ពុជាដែលបានមកកាន់ភូមិប៉ាក់ណាមក្នុងឆ្នាំ២០១៦ បានប្រមូលយកនូវរាល់ឯកសារផ្លូវការ និងឯកសារបញ្ជាក់ ឬបង្ហាញពីសញ្ជាតិកម្ពុជាដែលកាន់កាប់ដោយក្រុមគ្រួសារខ្មែរវៀតណាម៖ ប័ណ្ណបោះឆ្នោត “សៀវភៅគ្រួសារ” ផ្លូវការដែលប្រជាជនកម្ពុជាប្រើសម្រាប់កត់ត្រាកំណើត មរណភាព និងអាពាហ៍ពិពាហ៍ ហើយសម្រាប់អ្នកដែលមានសំណាងមួយចំនួន សំបុត្រកំណើតរបស់ពួកគេ ផ្តល់សិទ្ធឱ្យពួកគេដើម្បីទទួលបានសេវាកម្ម និងសញ្ជាតិនៅប្រទេសកម្ពុជា។ ទង្វើទាំងនេះត្រូវបាន ធ្វើឡើងម្តងហើយម្តងទៀតនៅទូទាំងប្រទេសកម្ពុជាជាញឹកញាប់។
លោកថូ ដែលជាអ្នកភូមិប៉ាក់ណាមបានលើកឡើងថា៖ “យើងបានគេដកហូតឯកសារផ្លូវការកម្ពុជាទាំងអស់នៅឆ្នាំ២០១៦ រួមមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណរបស់ឪពុកម្ដាយខ្ញុំ និងកាតចុះឈ្មោះបោះឆ្នោតរបស់ពួកយើង។ យើងមានអារម្មណ៍ខកចិត្ត ប៉ុន្តែមិនមានអ្វីដែលយើងអាចធ្វើបានឡើយ។ យើងមានអារម្មណ៍ថាគេមិនស្វាគមន៍យើងនៅកម្ពុជា ហើយនេះជារឿងគួរឱ្យភ្ញាក់ផ្អើល។” ដើម្បីការពារនូវអត្តសញ្ញាណសម្រាប់ហេតុផលសុវត្ថិភាព មានតែនាមរបស់អ្នកភូមិប៉ាក់ណាមប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។
អ្នកភូមិប៉ាក់ណាមប្រមូលផលដំណាំម្ទេស។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
ស្ត្រីម្នាក់ពាក់មួកបែបវៀតណាមឈប់សម្រាកពីការប្រមូលផលដំណាំម្ទេសនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
ប្រទេសកម្ពុជាបានផ្លាស់ប្តូរច្បាប់ក្នុងការទទួលសញ្ជាតិពីកំណើតនៅក្នុងឆ្នាំ១៩៩៦ មកបញ្ចូលត្រឹមតែកុមារដែលមានឪពុកម្តាយជាជនជាតិបរទេសស្នាក់នៅស្របច្បាប់នៅក្នុងប្រទេស។ ការផ្លាស់ប្តូរនេះអនុវត្តចំពោះទារកកើតក្រោយពីការដាក់អោយអនុវត្តច្បាប់ស្តីពីសញ្ជាតិនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦។
លោកថូ ដែលមានកំនើតនៅក្នុងភូមិ និងមានឪពុកម្តាយជនជាតិវៀតណាមនៅឆ្នាំ១៩៨៤ បានពន្យល់ពីដំណើរការចុះបញ្ជីថ្មី ដែលស្ទើរតែគ្រប់គ្រួសារខ្មែរវៀតណាមនៅក្នុងតំបន់នេះបានឆ្លងកាត់៖ “មន្រ្តីស្ថានទូតវៀតណាមចុះមកជាមួយក្រសួងមហាផ្ទៃរៀងរាល់ពីរឆ្នាំម្តងដើម្បីធ្វើលិខិតស្នាម។ យើងចុះហត្ថលេខា និងដាក់ឈ្មោះរបស់យើង ហើយក៏ទទួលបានអត្តសញ្ញាណប័ណ្ណ [ខ្មែរ] ដោយមិនចាំបាច់ ចំណាយប្រាក់»។
ក្នុងពេលគាត់កំពុងបង្ហាញប័ណ្ណស្នាក់នៅថ្មីរបស់គាត់ គាត់បានប្រាប់ថាតម្លៃសេវាដែលអនុញ្ញាតអោយគាត់ធ្វើដំណើរក្នុងប្រទេសកម្ពុជាគឺ ២៥០ ០០០រៀល ឬស្មើនឹង ៦០ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ដែលមានអាយុ១៨ឆ្នាំឡើង។ គណនីរបស់គាត់ត្រូវបានជួយដោយអ្នកភូមិក្នុងតំបន់ប៉ាក់ណាមជាច្រើន និងប្រជាជនខ្មែរវៀតណាមរស់នៅកន្លែងដទៃទៀតក្នុងខេត្តកណ្តាល។
គាត់បានបន្ថែមថា៖ “ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាបង់ថ្លៃពន្ធសម្រាប់គ្រប់គ្នា។ បើគ្មានជំនួយទេ នោះវានឹងពិបាកក្នុងការរស់នៅ ជាពិសេសសម្រាប់អ្នកដែលមានគ្រួសារធំ។”
លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថាអាជ្ញាធរវៀតណាមគាំទ្រក្រសួងក្នុងដំណើរការចុះបញ្ជីដើម្បីផ្លាស់ស្ថានភាពអន្តោប្រវេសន៍ផ្លូវច្បាប់ជាផ្លូវការ។
គាត់បាននិយាយទៅកាន់ Global Ground Media ថា៖ “អាជ្ញាធរវៀតណាមធ្លាប់គិតថាជនជាតិវៀតណាមនៅកម្ពុជាគួរតែមានសញ្ជាតិខ្មែរ ប៉ុន្តែឥឡូវនេះពួកគេកំពុងគាំទ្រយើងក្នុងការធ្វើដំណើរការចុះបញ្ជីនេះ។ យើងរីករាយនឹងធ្វើការជាមួយពួកគេ។”
ទោះជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានបដិសេធចំពោះគោលការណ៍ដែលលើកឡើងថា ស្ថានទូតវៀតណាមជាអ្នកបង់ថ្លៃចុះបញ្ជីនេះ។
លោកបានថ្លែងថា៖ “យើងមិនដឹងពីរឿងនេះទេ”។
លោកបានបន្តពន្យល់ថា៖ ប្រព័ន្ធនៃការរឹបអូសឯកសារដែលមានស្រាប់ គឺដោយសារតែមានការរីករាល ដាលនៃការក្លែងបន្លំលិខិតស្នាម ដែលបានអនុញ្ញាតឱ្យពលរដ្ឋគ្មានសញ្ជាតិទទួលបានសេវា ដែលផ្តល់ជូនសម្រាប់តែពលរដ្ឋមានសញ្ជាតិតែប៉ុណ្ណោះ។
គាត់បាននិយាយថា៖ “មានវិញ្ញាបនបត្រ និងអត្តសញ្ញាណប័ណ្ណមិនប្រក្រតីជាច្រើន ហេតុដូច្នេះយើងបានចុះបញ្ជីឱ្យពួកគេដើម្បីគោរពតាមច្បាប់របស់កម្ពុជា។ យើងបានស្នើឱ្យពួកគេផ្លាស់ប្តូរប័ណ្ណក្លែងក្លាយរបស់ពួកគេជាមួយនឹងប័ណ្ណផ្លូវការ។”
“អត្តសញ្ញាណប័ណ្ណទាំងនេះទទួលស្គាល់ថាពួកគេជាជនអន្តោប្រវេសន៍ស្របច្បាប់នៅកម្ពុជា ដែលជាកន្លែងដែលពួកគេត្រូវគោរពច្បាប់ ហើយអ្នកដែលគ្មានប័ណ្ណគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។”
ទាំងស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ ឬក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបនឹង សំណើសុំធ្វើអត្ថាធិប្បាយឡើយ។
ប័ណ្ណស្នាក់នៅដែលអនុញ្ញាតឱ្យគ្រួសារទាំងនោះរស់នៅ និងធ្វើដំណើរក្នុងប្រទេសកម្ពុជាជាផ្លូវការ មិនបានបញ្ជាក់ប្រាប់សញ្ជាតិដូចដែលមានលើសំបុត្រកំណើតមុនពេលត្រូវបានដកហូតចេញនោះឡើយ ដែលធ្វើឱ្យប្រជាជនខ្មែរវៀតណាមទាំងនោះក្លាយជាពលរដ្ឋគ្មានសញ្ជាតិ។ ពួកគេមិនមែនជាពលរដ្ឋខ្មែរ ហើយក៏មិនមានជាពលរដ្ឋវៀតណាមស្របច្បាប់ដែរ ហើយគេគ្មានលិខិតឆ្លងដែនឡើយ។
ខណៈពេលដែលច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ចែងថា កុមារដែលកើតនៅក្នុងប្រទេសកម្ពុជាដែលយ៉ាងហោចណាស់មានឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ អាចទទួលបានសញ្ជាតិពីកំណើតបាន នៅក្នុងការអនុវត្តជាក់ស្តែង វាមានការលំបាកសម្រាប់គ្រួសារទាំងនេះដើម្បីអនុវត្ត។
ព្រំដែនប្រទេសកម្ពុជានិងវៀតណាមនៅមិនទាន់បានកំណត់ពេញលេញ ដែលជាចំណុចមួយនៃជម្លោះ និងការភ័យខ្លាចពីការទន្ទ្រានរបស់វៀតណាម។
ការទិញដីនៅព្រំដែនខាងកម្ពុជាដោយក្រុមហ៊ុនវៀតណាមបានចង្អុលបង្ហាញថាជាឧទាហរណ៍មួយនៃវិធីសាស្ត្រស្របច្បាប់ ខណៈពេលដែលការដំឡើងប៉ុស្ត៍ព្រំដែនថ្មីនៅលើដែនទឹកដែលត្រួតត្រាដោយកងនាវាចរវៀតណាមក្នុងឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលកម្ពុជាថាជាការប៉ុនប៉ងដ៏ធ្ងន់ធ្ងរមួយដោយប្រទេសវៀតណាមក្នុងគោលបំណងផ្លាស់ទីព្រំដែន។
លោក អៀរ សុផល សាស្រ្តាចារ្យរងទទួលបន្ទុកកិច្ចការទូត និងកិច្ចការពិភពលោកនៅឯមហាវិទ្យាល័យអុកស៊ីឌែនថល នៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រាប់ថា៖ ភាពមិនពេញចិត្ត និងមិនទុកចិត្តទៅលើប្រទេសវៀតណាម និងជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា មានឬសគល់ជ្រៅជាងរឿងព្រំដែនជាប់គ្នាទៅទៀត ទាំងនេះត្រូវបានបង្ហាញនៅក្នុងការអាក់អន់ចិត្តជាមួយនឹងវៀតណាម ដែលមិនមានសមាមាត្របើប្រៀបធៀបទៅនឹងថៃ ឬឡាវ។
គាត់បានសរសេរនៅក្នុងសារអេឡិចត្រូនិកថា៖ “និយាយអោយត្រង់ទៅ វាមានការអាក់អន់ចិត្តទៅនឹងប្រទេសថៃដែរ ប៉ុន្តែវាមិនអាក្រក់ដូចវៀតណាមនោះទេ។ ហើយសម្រាប់ប្រទេសឡាវ? មិនបាច់និយាយទេ វាគ្មានការអាក់អន់ចិត្តនៅទីនោះទេ។”
ការអាក់អន់ចិត្តនេះគឺមានហេតុផលច្រើនជាងត្រឹមការរើសអើងជនជាតិវៀតណាម។ សហគមន៍នេសាទ និងធ្វើស្រែចំការក្រីក្រ ទទួលបានចំនាប់អារម្មណ៍ពីសាធារណៈ និងសកម្មភាពពីអាជ្ញាធរ ខណៈដែលជនជាតិខ្មែរវៀតណាមនៅទីក្រុងដែលមានទ្រព្យភាគច្រើនមិនត្រូវបានគេធ្វើអ្វីទេ ដែលធ្វើអោយការខំប្រឹងប្រមូលក្រុមជនជាតិវៀតណាមអោយរួមគ្នាក្លាយជាបញ្ហាមួយ។
លោក អៀ បានពន្យល់ថា៖ “មានក្រុមជនជាតិវៀតណាមផ្សេងៗគ្នា – មានអ្នកនេសាទ ហើយក៏មានអ្នកនៅភ្នំពេញ និងអ្នកផ្សេងទៀតនៅក្នុងចន្លោះនោះ។ វាពិបាកក្នុងការមើលជារួមទៅលើ “ជនជាតិវៀតណាមនៅកម្ពុជា។” លោកបានបន្ថែមថា៖ “ជាការពិត អ្នកដែលបានក្លាយជាប្តី ឬប្រពន្ធរបស់ឧត្តមសេនីយ៍ និងមន្រ្តី គឺបានមានជីវិតល្អប្រសើរ។ ឥឡូវនេះក៏ប្រាកដជាមានមនុស្សនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា ដែលជា […] ជនជាតិវៀតណាម ប៉ុន្តែនិយាយភាសា [ខ្មែរ] ហើយមានឈ្មោះខ្មែរ”។
ដោយមានសហគមន៍ខ្មែរវៀតណាមជាច្រើនជំនាន់ ដែលរស់នៅតាមជាយសង្គមកម្ពុជាឆ្ងាយពីមន្រ្តី និងសេវាកម្មសាធារណ (ហើយអាចនឹងមិនអាចនិយាយភាសាខ្មែរ) ដូច្នេះការរកលិខិតស្នាមគឺជាបញ្ហាប្រឈម ដោយសារកត្តាភស្តុភារ។
បន្ថែមលើនេះ មនុស្សរាប់សែននាក់ដែលបានភៀសខ្លួនពីអំពើហឹង្សា និងការរំខាននៅកម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០ បានឃើញកំណត់ត្រាសាធារណៈ និងលិខិតស្នាមផ្ទាល់ខ្លួនដែលបានបាត់បង់ឬ បំផ្លាញ។ ទាំងនេះបាននាំឱ្យមានការមិនរួមបញ្ចូលនូវគ្រួសារកម្ពុជាវៀតណាមជាច្រើនទៅក្នុងសេវាអប់រំផ្លូវការ និងសេវាសុខភាព រួមជាមួយលទ្ធភាពក្នុងការស្វែងរកការងារធ្វើ។


ការប្រមូលផលដំណាំម្ទេសនៅភូមិប៉ាក់ណាម។ (ភូមិប៉ាក់ណាម ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩)
លោកថូ បានពន្យល់ថា៖ សមាជិកសហគមន៍ខ្មែរវៀតណាម ក៏មិនអាចទទួលបានសញ្ជាតិវៀតណាមនៅព្រំដែន ហើយពិបាករកការងារត្រឹមត្រូវបានធ្វើក្នុងប្រទេសវៀតណាម ដោយសារតែខ្វះឯកសារវៀតណាម។
គាត់បាននិយាយទៀតថា៖ “ដោយសារតែខ្ញុំមិនមានអត្តសញ្ញាណប័ណ្ណវៀតណាម ខ្ញុំមិនអាចទទួលបានការងារល្អនៅក្នុងរោងចក្រទេ ដូច្នេះខ្ញុំបានតែធ្វើការងារដោយប្រើកម្លាំងទេ។ វាមិនមានបញ្ហាអ្វីទេចំពោះការធ្វើការនៅវៀតណាម [ចំពោះការងារដែលប្រើកម្លាំងពលកម្មច្រើន ហើយទទួលបានកំរ៉ៃជាសាច់ប្រាក់] នេះមិនអាក្រក់សម្រាប់យើងនោះទេ ប៉ុន្តែអ្នកនៅទីនោះបានហៅខ្ញុំថាជនអន្តោប្រវេសន៍កម្ពុជា ដូច្នេះយើងត្រូវបានគេមើលឃើញថាខុសពីគេ។”
“វាមិនអាចទៅរួចទេក្នុងការធ្វើអត្តសញ្ញាណប័ណ្ណវៀតណាម ពីព្រោះអ្នកត្រូវតែមានសំបុត្រកំណើតវៀតណាម។”
ទោះបីគាត់ធ្វើការនៅក្នុងប្រទេសវៀតណាម កូនរៀននៅប្រទេសវៀតណាម ហើយភាសាវៀតណាម ជាភាសាទីមួយរបស់គ្រួសារគាត់ក៏ដោយ ក៏លោកថូ នៅតែចចេសប្រកាន់ខ្ជាប់ថាកម្ពុជាគឺជាទីកំណើតរបស់គាត់។
គាត់បានចែករំលែកថា៖ “ខ្ញុំអាចនិយាយថា ខ្ញុំជាជនជាតិវៀតណាម។ ពន្ធ [ថ្លៃសេវា] និង អត្តសញ្ញាណប័ណ្ណបាន [បញ្ឈប់] ខ្ញុំអោយមានអារម្មណ៍ថាពិតជាជនជាតិកម្ពុជា ប៉ុន្តែខ្ញុំនឹងមិនចាកចេញ ពីទីនេះទេ។ ខ្ញុំបានដិតអារម្មណ៍ជាប់ជាមួយទឹកដីកំណើតរបស់ខ្ញុំ ផ្ទះកំណើតគ្រួសារខ្ញុំ និងរបៀបរស់នៅរបស់ខ្ញុំ។”
—
Article by Anrike Visser.
Editing by Mike Tatarski.
Illustrations by Imad Gebrayel.
Global Ground is investigative, independent journalism. We’re ad-free and don’t sell your personal data, so we mainly depend on donations to survive.
If you like our stories or think press freedom is important, please donate. Press freedom in Asia is under threat, so any support is appreciated.
Thanks in advance,
The Global Ground Team
You must be logged in to post a comment.